មិនមែន Samsung! Apple រើសយកក្រុមហ៊ុនចិនឲ្យផលិតអេក្រង់ iPhone SE ជំនាន់ថ្មី

ផ្អែកតាមប្រភពពីឧស្សាហកម្មស្មាតហ្វូនបានឲ្យដឹងថាក្រុមហ៊ុនផលិតអេក្រង់ចិន BOE នឹងជាអ្នកផ្គត់ផ្គង់អេក្រង់ OLED ទំហំ ៦,១អ៊ីញ សម្រាប់ iPhone SE ជំនាន់ថ្មី ដោយសារក្រុមហ៊ុន BOE ផ្ដល់តម្លៃទាបជាង Samsung។ ប្រភពអះអាងថា អេក្រង់ OLED ទំហំ ៦,១អ៊ីញ មួយផ្ទាំង មានតម្លៃប្រមាណ ៣០ដុល្លារ នៅ Samsung ខណៈ Apple អាចឲ្យតម្លៃបានត្រឹម ២៥ដុល្លារ។ ជាលទ្ធផល ក្រុមហ៊ុនចិន BOE ក៏ត្រូវបានជ្រើសរើសដោយ Apple ព្រោះតម្លៃធូរថ្លៃជាង។ យ៉ាងណា Samsung មិនបានវិនិយោគខ្លាំងលើគម្រោងការតាំងពីដើមមក ដោយសារតែទំហំផលិតតូច ហេតុនេះពេលដែល Apple ទាមទារសូមតម្លៃទាប ក្រុមហ៊ុន Samsung ក៏បានបញ្ចប់ការចចារនេះតែម្ដងទៅ។ នេះបើតាមការអះអាងពីប្រភពជិតស្និទ្ធនឹងរឿងរ៉ាវនេះ៕